Serey is utilizing Blockchain technology

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បញ្ជាក់ថា អាមេរិក និងអ៊ីរ៉ង់បានបង្រួញគម្លាតនៃការខ្វែងគំនិតគ្នា

(ឌូបៃ)៖ មន្ត្រីជាន់ខ្ពស់អ៉ឺរ៉ង់នាថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ប្រទេសអ៉ឺរ៉ង់ និងសហរដ្ឋអាមេរិក សម្រេចបាននូវវឌ្ឍនភាពមួយចំនួនក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកកិច្ចព្រមព្រៀង ក្រោមការសម្របសម្រួលពីប្រទេសប៉ាគីស្ថាន ប៉ុន្តែទោះជាយ៉ាងណា ការខ្វែងគំនិតគ្នាយ៉ាងធំដុំនៅតែបន្តកើតមាន រួមទាំងបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ស្របពេលដែលបទឈប់បាញ់រយៈពេលពីរសប្តាហ៍បានដើរហួសពាក់កណ្តាលទៅហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីរូបនេះបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក អាស៊ីម មូនៀ (Asim Munir) មកកាន់ទីក្រុងតេហេរ៉ង់ ពិតជាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន ដែលផ្តល់ក្តីសង្ឃឹមក្នុងការបន្តបទឈប់បាញ់ និងឈានទៅរៀបចំកិច្ចចរចាជុំទីពីរ។ ទោះជាយ៉ាងក្តី លោកបានសង្កត់ធ្ងន់ថា ជោគវាសនានៃសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់របស់អ៉ឺរ៉ង់ និងរយៈពេលនៃការដាក់កម្រិតលើកម្មវិធីនុយក្លេអ៊ែររបស់អ៉ឺរ៉ង់ នៅតែជាបញ្ហាចម្រូងចម្រាសយ៉ាងខ្លាំងដែលមិនទាន់រកដំណោះស្រាយឃើញនៅឡើយ។

ជុំវិញការត្រៀមរៀបចំកិច្ចចរចាសន្តិភាពជុំទីពីរ ដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងបន្ទាប់ពីជំនួបជុំទីមួយកាលពីចុងសប្តាហ៍មុន អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថានបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា បច្ចុប្បន្ននៅមិនទាន់មានការកំណត់កាលបរិច្ឆេទច្បាស់លាស់ណាមួយ សម្រាប់ជំនួបរវាងសហរដ្ឋអាមេរិក និងអ៉ឺរ៉ង់នៅឡើយនោះទេ៕

1041.022 SRY$0.00
Khmer Dispatch

Comments